- សូមគោរព ឯកឧត្តមវេជ្ជបណ្ឌិត អេង ហ៊ួត រដ្ឋលេខាធិការក្រសួងសុខាភិបាល
- សូមគោរព ឯកឧត្តម ឱម គឹមស៊ារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- សូមគោរពភ្ញៀវកិត្តិយសជាទីមេត្រី!
សូមថ្លែងអំណរគុណចំពោះវត្តមាននៅទីនេះសម្រាប់រយៈពេលពីរថ្ងៃតទៅមុខទៀត ដើម្បីពិភាក្សាអំពីកម្លាំងពលកម្មផ្នែកសុខាភិបាល និងតម្រូវការបណ្តុះបណ្តាល ព្រមទាំងដើម្បីជួយរៀបចំការវាតម្លៃលើតម្រូវការចាំបាច់នានាសម្រាប់កម្ពុជា។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សម្រាប់កិច្ចគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីជួយឲ្យសកម្មភាពនេះអាចលេចចេញជារូបរាងបាន។
ខ្ញុំមានសេចក្តីរីករាយដោយបានឃើញសកម្មភាពនេះអាចចាប់ផ្តើមដំណើរការសម្រាប់រយៈពេល ១៨ខែដោយភ្ជាប់ជាមួយនឹងការងារអនុវត្តជាក់ស្តែងមួយចំនួនបន្ទាប់ពីអង្គសិក្ខាសាលានេះតទៅ។
“One Health Workforce” នឹងអនុញ្ញាតឲ្យទីភ្នាក់ងារ USAID រួមជាមួយដៃគូអនុវត្តរបស់ខ្លួន ធ្វើការជាមួយបណ្តាសកលវិទ្យាល័យ និងមន្ត្រីរារដ្ឋាភិបាល ដើម្បីពង្រឹងភាពត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងការគម្រាមកំហែងនៃជម្ងឺឆ្លងថ្មីៗ។
ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបរួចហើយថា នេះគឺជាកិច្ចប្រឹងប្រែងមួយក្នុងចំណោមកិច្ចប្រឹងប្រែងដ៏ធំនៃរបៀបវារៈសន្តិសុខសុខភាពសកល (Global Health Security Agenda or GHSA)។ GHSA គឺជាក្របខ័ណ្ឌមួយដែលកំណត់នូវវិស័យអាទិភាព ១១ចំណុចផ្សេងគ្នា ដែលប្រទេសនីមួយៗនឹងផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ និងការអនុវត្តនានា ដើម្បីសម្រេចបាននូវស្តង់ដាបឋមនៃបញ្ញត្តិសុខាភិបាលអន្តរជាតិ។ តាមរយៈការបំពេញការងារក្នុងវិស័យនេះ ប្រទេសទាំងឡាយគួរតែអាចបង្ការទប់ស្កាត់គ្រោះមហន្តរាយដែលអាចចៀសវាងបាន កំណត់បានជាមុននូវការគម្រាមកំហែងនានា ហើយអាចឆ្លើយតបទៅការគម្រាមកំហែងទាំងនោះយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាព។
វិធីសាស្ត្រ One Health ទទួលស្គាល់ថាសុខភាពរបស់សត្វ មនុស្ស និងបរិស្ថានសុទ្ធតែមានការផ្សារភ្ជាប់គ្នា ហើយដោយឈរលើហេតុផលនេះ ការតទល់ទៅនឹងការគម្រាមកំហែងដល់សុខភាពទាមទារឲ្យកិច្ចសហការពីគ្រប់វិស័យ។ យើងត្រូវគិតគូរពីការពង្រឹងកិច្ចសហការរបស់យើង។ យើងចាំបាច់ត្រូវទំនាក់ទំនងលើគ្រប់វិស័យ ដើម្បីជួយឲ្យសាស្ត្រាចារ្យទាំងឡាយបង្រៀន និងលើកទឹកចិត្តសិស្សឲ្យរៀនសូត្រ។ យើងចាំបាច់ត្រូវពង្រឹងការផ្សារភ្ជាប់គ្នារវាងសេវាមុនការបណ្តុះបណ្តាល និងសេវក្នុងពេលបណ្តុះបណ្តាល។ ប្រសិនបើយើងធ្វើដូច្នេះ យើងនឹងមានឱកាសក្នុងការផ្លាស់ប្តូររបៀបដែលអ្នកជំនាញសុខាភិបាលកម្ពុជាក្នុងការឆ្លើយតបចំពោះការគម្រាមកំហែងនៃជម្ងឺឆ្លងពីសត្វមកមនុស្ស។ យើងមិនត្រឹមតែមានឱកាសផ្លាស់ប្តូរនូវអ្វីដែលបានបង្រៀននៅមហាវិទ្យាល័យអំពីការគម្រាមកំហែងនៃជម្ងឺប៉ុណ្ណោះទេ ប៉ុន្តែក៏អាចពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវជំនាញវិជ្ជាជីវៈរបស់អ្នកជំនាញសុខាភិបាលកម្ពុជាជំនាន់ក្រោយផងដែរ។ យើងមានឱកាសប្រែក្លាយនូវសុវត្ថិភាពសុខាភិបាលក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
នេះគឺជាស្មារតីចែករម្លែក និងសហការដែលយើងបានធ្វើរួមគ្នានាថ្ងៃនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់សហការីទាំងអស់ដែលបានធ្វើដំណើរមកតាំងពីសហរដ្ឋអាមេរិកដើម្បីបំពេញការងារជាមួយយើង។ សូមសំណាងល្អចូរមានដល់អ្នកទាំងអស់គ្នាដែលនឹងចំណាយពេលវេលារយៈពេលពីរថ្ងៃ ដើម្បីរិះរកវិធីសាស្ត្រ និងពិភាក្សាអំពីការច្របាច់បញ្ចូលនូវកម្មវិធី One Health ទៅក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។
ខ្ញុំទន្ទឹងរង់ចាំស្តាប់នូវលទ្ធផលដែលនឹងកើតចេញពីកិច្ចខិខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា៕
សូមអរគុណ!
Comment
Make a general inquiry or suggest an improvement.